#តើការបន្តោងសេរ៉ូមមានវីតាមីន ជាការចាំបាច់ដែរឬទេ?
#តើការបន្តោងសេរ៉ូមមានវីតាមីន ជាការចាំបាច់ដែរឬទេ?
Is intravenous vitamin infusion beneficial?
នៅក្នុងប្រទេសជាច្រើន ការយកទឹកសេរ៉ូមដែលគេលាយថ្នាំវីតាមីនឲ្យមានពណ៌លឿងៗ បន្តោងតាមសរសៃឈាមវ៉ែនរបស់អ្នកជំងឺ មានប្រជាប្រីយភាពយ៉ាងខ្លាំងក្នុងចំណោមអតិថិជនខ្លះដែលមិនសូវយល់ដឹងនិងក្នុងចំណោមគ្រូពេទ្យខ្លះដែលមិនសូវខ្វល់អំពីក្រមសីលធម៌វិជ្ជាជីវ:។
មិនទាន់មានភស្តុតាងណាបង្ហាញឲ្យឃើញ អំពីផលប្រយោជន៍នៃការបញ្ចូលវីតាមីន តាមការបន្តោងទឹកសេរ៉ូមនៅឡើយ។ ផ្ទុយទៅវិញ មានភ័ស្តុតាងជាច្រើនអំពីគ្រោះថ្នាក់ដែលវាបានបង្ក។
តើមានហានិភ័យអ្វីខ្លះដែលអាចកើតឡើង ជាមួយនឹងការបន្តោងទឹកសេរ៉ូមដែលមានលាយវីតាមីន ដោយគ្មានការចាំបាច់?
អ្នកស្រីវេជ្ជបណ្ឌិត Sophie Medlin ដែលធ្លាប់ធ្វើការជាអ្នកជំនាញផ្នែកអាហាររូបត្ថម្ភនិងជាសាស្ត្រាចារ្យផ្នែកអាហាររូបត្ថម្ភនិងរបបអាហារនៅសាកលវិទ្យាល័យ King's College London បាននិយាយថា “តាមក្បួនវេជ្ជសាស្ត្រ យើងមិនត្រូវបញ្ចូលអ្វីតាមសរសៃឈាមឡើយបើមិនមានការចាំបាច់បំផុត”។ វាមិនមានការចាំបាច់ក្នុងការផ្តល់សារជាតិបំប៉នតាមសរសៃឈាមក្នុងករណីណាក៏ដោយ ក្រៅពីករណីនៃការវះកាត់ពោះវៀន ព្រោះវាមានហានិភ័យខ្ពស់។
ជាទូទៅ តាមក្បួនវេជ្ជសាស្ត្រ មុននឹងចាក់ថ្នាំអ្វីមួយបញ្ចូលតាមសរសៃឈាម គេត្រូវស្វែងយល់ប្រវត្តិវេជ្ជសាស្រ្តរបស់អ្នកជំងឺយ៉ាងហ្មត់ចត់បំផុត។
ការបញ្ចូលវីតាមីនតាមទឹកសេរ៉ូម ធ្វើឱ្យថ្លើមនិងតម្រងនោមស្ថិតក្រោមភាពតានតឹង ហើយការធ្វើរបៀបនេះដោយមិនបានពិនិត្យដំណើរការនៃមុខងារថ្លើមនិងមុខងារតំរងនោមជាមុន ត្រូវបានហាមឃាត់ដោយវិទ្យាស្ថានជាតិសម្រាប់ការព្យាបាលល្អឥតខ្ចោះ (NICE) នៅចក្រភពអង់គ្លេស។
នៅពេលដែលអ្នកដាក់អ្វីមួយចូលទៅក្នុងខ្លួនរបស់គេតាមសរសៃឈាម អ្នកត្រូវដឹងថាអ្នកកំពុងតែធ្វើឲ្យគេ ប្រឈមនឹងហានិភ័យនៃការឆ្លងមេរោគពីកន្លែងដែលវាត្រូវបានបញ្ចូលទៅក្នុងចរន្តឈាម។ បើពោះវៀនរបស់គេនៅល្អសោះ ហេតុអ្វីបានជាអ្នកមិនឲ្យពោះវៀនរបស់គេដ៏ល្អឥតខ្ចោះធ្វើការស្រូបយកវីតាមីននិងសារធាតុរ៉ែដែលគេត្រូវការ ហើយបែរជាធ្វើឲ្យគេប្រឈមជាមួយនឹងហានិភ័យនៃការឆ្លងមេរោគទៅវិញ?
ម្យ៉ាងទៀត តាមរយ:ការបញ្ចូលទឹកសេរ៉ូមបន្តិចម្ដងៗ មនុស្សអាចមិនដឹងខ្លួនទេថាខ្លួនគេទទួលបានបរិមាណសារធាតុចិញ្ចឹមច្រើនហួសហើយ ដែលអាចមានផលប៉ះពាល់ដល់សុខភាព ជាពិសេសចំពោះអ្នកដែលបានបន្តោងសេរ៉ូមមានវីតាមីន ជាទៀងទាត់និងញឹកញាប់។
ការបញ្ចូលវីតាមីនក្នុងចរន្តឈាម តាមរបៀបបន្តោងសេរ៉ូម ធ្វើឲ្យវាត្រូវបានបញ្ចេញចោលវិញតាមតម្រងនោមអស់យ៉ាងហោចណាស់ 90%។ គឺថា ផលប្រយោជន៍ពិតប្រាករបស់វាមានតិចតួចណាស់ ឯហានិភ័យវិញគឺធំធេងជាងផលប្រយោជន៍យ៉ាងខ្លាំង។
ដូច្នេះវាហាក់ដូចជា អ្នកកំពុងផលិតទឹកនោមឲ្យអ្នកជំងឺ ដោយតម្លៃថ្លៃ និងប្រកបដោយហានិភ័យខ្ពស់។
មនុស្សត្រូវការវីតាមីនក្នុងបរិមាណតិចតួចប៉ុណ្ណោះ ហើយមានតែក្នុងករណីកង្វះវីតាមីនទេ ដែលគេពិចារណាទទួលទានវាបន្ថែម។
តើអ្នកណាខ្លះត្រូវការវីតាមីនបន្ថែម?
មនុស្សមួយចំនួនដែលមានហានិភ័យនៃកង្វះវីតាមីនគួរប្រើថ្នាំគ្រាប់វីតាមីនបន្ថែមគឺ:
* ស្ត្រីដែលមានផ្ទៃពោះ និងស្ត្រីដែលបំបៅកូនដោយទឹកដោះម្តាយ គួរតែប្រើថ្នាំគ្រាប់វីតាមីន D បន្ថែម។
* ស្ត្រីដែលកំពុងព្យាយាមមានផ្ទៃពោះ និងស្ត្រីក្នុងអំឡុងពេល 12 សប្តាហ៍ដំបូងនៃការមានផ្ទៃពោះ ត្រូវបានគេណែនាំឱ្យប្រើថ្នាំគ្រាប់អាស៊ីតហ្វូលិកដែលបន្ថយហានិភ័យនៃការខូចបំពង់សរសៃប្រសាទរបស់ទារកៗ ដូចជា Spina bifida។
* មនុស្សដែលមានអាយុលើសពី 65 ឆ្នាំ គួរលេបបន្ថែមវីតាមីន D។
* មនុស្សដែលមានស្បែកខ្មៅ និងមនុស្សដែលមិនសូវត្រូវពន្លឺព្រះអាទិត្យ គួរលេបថ្នាំវីតាមីន D បន្ថែម។
* គ្រប់កុមារទាំងអស់ដែលមានអាយុពី 6 ខែដល់ 5 ឆ្នាំ គួរតែទទួលបានវីតាមីនបន្ថែមដែលមានវីតាមីន A, C និង D។
* មនុស្សខ្លះទៀត ដែលមានស្ថានភាពវេជ្ជសាស្ដ្រមិនល្អ គួរលេបថ្នាំគ្រាប់វីតាមីនបន្ថែមតាមការចាំបាច់ តែគេត្រូវដឹងថាគេអាចទទួលបានវីតាមីនយ៉ាងល្អតាមរយៈរបបអាហារ៕
By:Dr.Long chhun
Comments
Post a Comment