រដូវមិនទៀង
ស្រ្តីគួរតែអានអត្ថបទនេះ – រដូវមកមិនទៀង តើត្រូវធ្វើដូចមេ្តច?
ពេលដល់វ័យគ្រប់ការ ស្ដ្រីតែងតែមានការធ្លាក់ឈាមរដូវ ជារៀងរាល់ខែ ដែលខុសពីបុរស គ្មានឈាមរដូវមកនោះទេ។ ការមករដូវនេះ គឺជាលក្ខណៈសម្គាល់សុខភាពរបស់នារី។ ហើយការមករដូវនេះ មានលក្ខណៈស្រដៀងគ្នាទាំងអស់ គឺមកជារៀងរាល់មួយខែម្ដងៗ ក្នុងរយៈពេល ពី៣ទៅ៤ថ្ងៃ ឬយ៉ាងយូរត្រឹមមួយសប្ដាហ៍។
✍️ ចំពោះស្ដ្រីខ្លះ រដូវរបស់គាត់ មិនសុទ្ធតែមកជាទៀងទាត់ ជារៀងរាល់ខែទាំងអស់នោះទេ។ ការមករដូវមិនទៀងទាត់នេះ មានបញ្ហាខ្លះ យើងចាត់ទុកថាវាជារឿងធម្មតា។ ប៉ុន្ដែ ក៏មានបញ្ហាខ្លះទៀត ជារឿងមិនមែនធម្មតា ដែលបងប្អូនស្ដ្រីត្រូវយល់ដឹង និងប្រុងប្រយ័ត្នចំពោះ សុខភាពខ្លួនឯង។
✍️ និយមន័យ រដូវទៀង និងរដូវមិនទៀង
ជាធម្មតាឈាមរដូវធ្លាក់មករៀងរាល់ខែ។ ខួបរដូវ ជាមធ្យម ២៨ថ្ងៃ គឺនៅចន្លោះគម្លាតពី២១ ទៅ៣៥ថ្ងៃ ហើយរដូវមានរយៈពេល ៣ ទៅ៤ថ្ងៃ។
ឧទាហរណ៍ ស្ដ្រីខ្លះមានខួបរដូវ២៨ថ្ងៃ រៀងរាល់២៨ថ្ងៃគាត់មករដូវម្ដង ឬ៣០ថ្ងៃមករដូវម្ដង។ នៅខែក្រោយ រដូវគាត់មកមុន២ថ្ងៃ ឬលើសពី២ថ្ងៃ នោះមិនជាបញ្ហាអ្វីទេ។ ករណីនេះ បងប្អូនស្ដ្រីមិនបាច់មានការព្រួយបារម្ភទេ។
ករណីខួបរដូវ មកលើសពី៣៥ថ្ងៃ ឬតិចជាង២១ ថ្ងៃ យើងហៅថា រដូវមិនទៀង។ ការធ្លាក់ឈាមរដូវ មានច្រើនបែប ច្រើនសណ្ឋាន។ ស្ដ្រីត្រូវដឹងថា រដូវមិនទៀងបែបណា ដែលយើងចាត់ទុកថាជារឿងធម្មតា និងរដូវមិនទៀងប្រភេទណា ដែលយើងចាត់ទុកថា ជារឿងមិនធម្មតា។
១. ការធ្លាក់ឈាមរដូវនៅពាក់កណ្ដាលខែ៖ ស្ដ្រីមានធ្លាក់ឈាមតិចៗ រយៈពេល១ទៅ៣ថ្ងៃ នៅពាក់កណ្ដាលខួបរដូវរបស់គាត់ ហាក់ដូចជារដូវរបស់គាត់ធ្លាក់១៥ថ្ងៃម្ដង។ ការណីនេះ ពុំចាំបាច់ធ្វើការព្យាបាលទេ នោះយើងចាត់ទុកថា រដូវរបស់គាត់មកទៀងធម្មតាទេ។ តែប្រសិនបើគាត់ធ្លាក់ឈាមច្រើន ត្រូវធ្វើការព្យាបាល។
២. ការធ្លាក់ឈាមមុនពេលមករដូវ៖ ស្ដ្រីមករដូវនៅថ្ងៃទី១ ប៉ុន្ដែនៅថ្ងៃទី២៤ គាត់មានធ្លាក់ឈាមរដូវ។ ករណីនេះ បើឈាម រដូវមកតិចៗ ហើយមានពណ៌ក្រហមក្រម៉ៅ ក៏មិនមានបញ្ហាអ្វីព្រួយបារម្ភទេ។ ផ្ទុយទៅវិញ បើឈាមនោះមានធ្លាក់ច្រើន យើងគួរទៅជួបជាមួយ គ្រូពេទ្យជំនាញ។
ប្រភេទនៃរដូវមិនទៀង
មានកត្ដាមួយចំនួន ដែលធ្វើឱ្យស្ដ្រីមករដូវ មិនទៀងទាត់៖
- ការទទួលទានអាហារមិនគ្រប់គ្រាន់ ជាមូលហេតុនាំឱ្យមិនមានរដូវ។
- ការព្រួយចិត្ដច្រើនពេក សប្បាយចិត្ដពេក និងការមានអារម្មណ៍មិនធម្មតា ក៏នាំឱ្យរដូវរបស់ស្ដ្រី មកមិនទៀងទាត់បានដែរ។
- ការព្រួយចិត្ដច្រើនពេក សប្បាយចិត្ដពេក និងការមានអារម្មណ៍មិនធម្មតា ក៏នាំឱ្យរដូវរបស់ស្ដ្រី មកមិនទៀងទាត់បានដែរ។
ម្យ៉ាងទៀត រដូវមិនទៀង អាចបណ្ដាលមកពីការប្រើប្រាស់ ថ្នាំពេទ្យមួយចំនួន។ ប្រការដែលរៀបរាប់ខាងក្រោមនេះ ជាប្រការដែលរដូវស្ដ្រីមកមិនទៀង មានលក្ខណៈមិនធម្មតា ដែលស្ដ្រីគួរមានការកត់សម្គាល់ផងដែរ។
– រដូវធ្លាក់ញាប់៖ ខួបរដូវខ្លី ការមករដូវមានរយៈពេលពី១៨ ទៅ២១ថ្ងៃម្ដង តែចំណុះឈាមរដូវមកប៉ុនគ្នា ហើយរយៈពេល៣ ទៅ៤ថ្ងៃក៏ដូចគ្នាដែរ។ លក្ខណៈនេះ គឺមិនធម្មតាទេ ស្ដ្រីត្រូវស្វែងរកការព្យាបាល។
– រដូវរង្វើល៖ គឺខួបរដូវលើសពី៣៥ថ្ងៃ វាអាចមាន៤៥ថ្ងៃ ទើបមករដូវម្ដង។ អ្នកខ្លះ៣ ឬ៤ខែទើបមកម្ដង តែមករដូវមានរយៈ ពេល៣ ទៅ៤ថ្ងៃដូចគ្នា។ ការមករដូវបែបនេះ មិនចាំបាច់ធ្វើការព្យាបាលទេ នេះគ្រាន់តែខួបរដូវ មានរយៈពេលវែងប៉ុណ្ណោះ។ តែវាមានផលវិបាកបន្ដិចត្រង់ថា គាត់ពិបាកក្នុងការបង្កកំណើត (ពិបាកឱ្យមានកូន)។
– រដូវមកច្រើន៖ រដូវមកជាទៀងទាត់ធម្មតា តែរដូវមកម្ដងៗច្រើន ធ្វើឱ្យមានសភាពស្លេកស្លាំង។ ករណីនេះ ស្ដ្រីច្រើនតែកើត មានជម្ងឺសរីរាង្គ ប្រដាប់បន្ដពូជ ដូចជាជម្ងឺស្បូន ជម្ងឺមហារីកជាដើម។ ស្ដ្រី ត្រូវស្វែងរកការព្យាបាលជាបន្ទាន់។
– ឈាមរដូវធ្លាក់ មិនស៊ីសង្វាក់គ្នា៖ ក្នុងមួយខែ គាត់ធ្លាក់ឈាមរដូវ៣ទៅ៤ដង ករណីនេះច្រើនតែកើតមាន នៅលើស្ដ្រីគ្រប់ការ។ ចំពោះស្ដ្រីនៅវ័យក្មេង ក៏អត់មានបញ្ហាដែរ។ ប៉ុន្ដែចំពោះស្ដ្រីវ័យចំណាស់ អាចមានជម្ងឺដុំសាច់ក្នុងស្បូន ឬជំងឺមហារីក។
👉 រដូវមិនទៀង ពេលចូលវ័យអស់រដូវ៖ ជាធម្មតា ស្ដ្រីអស់រដូវនៅវ័យចាប់ពី៤៥ឆ្នាំ ទៅ៥៥ឆ្នាំ។ ប្រសិនបើស្ដ្រីមករដូវមិនទៀង រដូវរបស់គាត់មកក្នុង១ខែ ពី២ទៅ៣ដង នៅវ័យជិតអស់រដូវ ករណីនេះ គាត់អាចនឹងមានជម្ងឺសរីរាង្គបន្ដពូជដែរ គាត់ត្រូវទៅជួបគ្រូពេទ្យជំនាញ។ លក្ខណៈសម្គាល់ថា គាត់អស់រដូវ លុះត្រាតែគាត់អស់រដូវមួយឆ្នាំពេញ ទើបហៅថាអស់រដូវមែនទែន។
ប្រការគួរយល់ដឹង
ប្រសិនបើយុវនារីអាយុ២០ឆ្នាំ មានវ័យគ្រប់ការហើយ តែគ្មានរដូវ គាត់ត្រូវទៅជួបគ្រូពេទ្យ ដើម្បីធ្វើការពិនិត្យ និងព្យាបាល។ បញ្ហាដែលនឹងអាចកើតឡើង គាត់អាចមានដូចជាជម្ងឺស្បូនតូច (ស្បូនតូចមិនអាចបង្កើតជារដូវបាន), សន្ទះព្រហ្មចារីបិទជិត (គ្មានរន្ធ), ជម្ងឺមហារីក សរីរាង្គបន្ដពូជផ្សេងៗជាដើម។ ជួនកាល វាអាចធ្វើឱ្យនារី មានការធ្លាក់ឈាម តែវាមិនមែនជាឈាមរដូវទេ។ បើមានករណីបែបនេះ គួរប្រញាប់រូតរះ ទៅជួបគ្រូពេទ្យជំនាញខាងរោគស្ដ្រី។
ដំបូន្មាន
បងប្អូនស្ដ្រីទាំងឡាយ នៅពេលមានអាការមិនធម្មតា ដូចបានជម្រាបខាងលើ គួរប្រញាប់ទៅពិគ្រោះ ជាមួយគ្រូពេទ្យជំនាញឱ្យបានទាន់ពេលវេលា៕

Comments
Post a Comment