បង្ហើយទារកសំខាន់ណាស់ កុំប្រហែសឲ្យសោះ!!!

បង្ហើយទារកសំខាន់ណាស់ កុំប្រហែសឲ្យសោះ!!!
ខ្ញុំសង្កេតឃើញមានប៉ាម៉ាក់មួយចំនួននៅបន្ដទម្លាប់លាបនេះ លាបនោះលើបង្ហើយកូនដើម្បីឲ្យវាឆាប់រឹង។ បច្ចុប្បន្ន ពេទ្យបានណែនាំច្បាស់ហើយថាមិនឲ្យលាបអ្វីលើបង្ហើយកូនទេ។ ហើយក៏មិនត្រូវធ្វើឲ្យបង្ហើយគេឆាប់រឹងដែរ។

- ការលាបអីផ្សេងៗលើបង្ហើយទារកមិនបានផ្ដល់ប្រយោជន៍សម្រាប់គេឡើយ មានតែធ្វើឲ្យប៉ះពាល់សុខភាពគេទៅវិញទេ ជាពិសេសសារធាតុដែលមានជាតិ ម៉ង់តុល (Menthol)។
- ការធ្វើឲ្យបង្ហើយក្មេងឆាប់រឹងក៏មិនមែនជារឿងល្អដែរ។ ប៉ាម៉ាក់ត្រូវដឹងថា បង្ហើយគឺជាផ្នែកទន់នៃក្បាលទារកដែលមានសារៈសំខាន់បំផុតទៅដល់ការលូតលាស់ខួរក្បាលនិងទម្រង់ក្បាលរបស់គេ។
ការពិតបង្ហើយមិនមែនមានតែ១ចំនុចនៅខាងមុខដូចយើងឃើញនឹងទេ តែវាមាន១ចំនុចតូចទៀតនៅខាងក្រោយ និងមានរាងជាខ្សែចែកទម្រង់ក្បាលខាងលើជា៤ផ្នែក (ដូចរូបទី1)។ ចំនុចនិងខ្សែទាំងអស់មានលក្ខណៈទន់។
ធម្មជាតិឆ្លាតណាស់ ហើយក៏មានហេតុច្បាស់ណាស់ដែរដែលបង្កើតឲ្យចំនុចទាំងនោះទន់គឺ៖ -ទី១វាធ្វើឲ្យទម្រង់ក្បាលទារកបង្រួមងាយស្រួលកើតចេញពីពោះម្ដាយ
-ទី២វាធ្វើឲ្យទម្រង់ក្បាលរីកធំតាមការលូតលាស់របស់ខួរក្បាល។ ទារកកើតមក ក្នុងខែដំបូងៗខួរក្បាលគេលូតលាស់យ៉ាងឆាប់រហ័ស មានន័យថាខួរក្បាលគេនឹងត្រូវរីកធំទៅតាមការលូតលាស់របស់គេ។ ពេលខួរក្បាលលូតលាស់និងរីកធំ ទម្រង់ក្បាលរបស់គេក៏ត្រូវតែរីកឲ្យស្របគ្នាដែរ។ ហើយទម្រង់ក្បាលរបស់គេអាចរីកបានលុះណាតែមានផ្នែកទន់ទាំងអស់នោះ។
ដូចនេះកុំធ្វើអ្វីលើបង្ហើយគេអី ទុកឲ្យគេរឹងទៅតាមការវិវត្ដរបស់គេគឺល្អបំផុតហើយ។​ បង្ហើយគេនឹងរឹងដោយខ្លួនឯងទៅតាមការវិវត្ដលូតលាស់របស់គេ។ ផ្នែកខាងក្រោយអាចរឹងនៅអាយុ៤ខែ ខាងមុខអាចរឹងនៅអាយុ ៩ខែ-១៨ខែ ឯក្មេងខ្លះអាចនៅយូរជាងនេះ។
បើតាមលោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា បង្ហើយ​ក្មេង​ជា​កន្លែង​ផ្តុំ​នូវ​កោសិកា​ប្រព័ន្ធ​ប្រសាទ វា​នឹង​រីក​លូត​លាស់​បន្តិច​ម្តងៗ​ទៅ​តាម​វ័យ​​ធំ​ធាត់​របស់​ទារក កាលណា​យើង​របស់​អ្វី​មួយ​ទៅ​លាប ឬ​បិទ ប្រៀប​បាន​នឹង​បង្អាក់​ការ​លូត​លាស់។
ក្រៅ​ពី​ប៉ះពាល់​ដល់​ការ​លូត​លាស់​ខួរក្បាល​ទារក ការ​យក​ប្រេង​កូឡា ពន្លៃ ឬ​ស្លឹក​រុក្ខជាតិ​ផ្សេងៗ​មក​បុក រួច​បិទ​នៅ​លើ​បង្ហើយ ធ្វើ​ឲ្យ​កើត​ជា​កំណក​ដុំៗ ដែល​ចាស់ៗ​ចំណាំ​ហៅ​ថា​អាចម៍​ក្របី​នោះ ក្បាល​ក្មេង​ខ្លះ​កកើត​ទៅ​ជា​រោគ​ផ្សិត ព្រម​ទាំង​មាន​ការ​ប៉ះពាល់​ដល់​​ផ្លូវ​ដង្ហើមនិង​ឈាន​ដល់​ការ​រលាក​សួត​ក៏​មាន ដោយសារ​ការ​ស្រូប​​សារធាតុ​ទាំង​នោះ។
លោក​វេជ្ជបណ្ឌិត​បន្ត​ថា បង្ហើយ​កូន ម៉ាក់​ប៉ា​មិន​ចាំបាច់​ប៉ះពាល់​អ្វី​ទាំង​អស់ គ្រាន់​ងូត​ទឹក​រួច​យក​កន្សែង​ទន់​មក​ផ្តិត​ថ្នមៗ​ឲ្យ​ស្ងួតទឹក​នៅ​លើ​ក្បាល ពិសេស​បង្ហើយ នោះ​បង្ហើយ​នឹង​វិវត្ត​ទៅ​ជា​រឹង​តាម​វ័យ​របស់​ទារក អាច​នៅ​អាយុ​ជិត​១ខួប ឬ​យូរ​ជាង​នេះ។

Comments

Popular posts from this blog

 Amylase Test

តើ triglycerides គឺជាអ្វី?

Cholesterol