Smecta
+Smecta ជាថ្នាំប្រឆាំងអាការៈរាករូស ឈឺពោះ ទើបត្រូវបានអាជ្ញាធរសុខាភិបាលបារាំង ចេញសេចក្តីណែនាំ កាលពីដើមខែមីនា មិនឱ្យក្មេងក្រោមអាយុពីរឆ្នាំ ទទួលទានទេ។ ហេតុអ្វីបានជាអាជ្ញាធរបារាំងសម្រេចបែបនេះ ? តើថ្នាំស្មិចតា អាចបង្កគ្រោះថ្នាក់យ៉ាងណាដល់ទារក ? តើមនុស្សធំពិតជាអាចបន្តប្រើថ្នាំនេះបានប្រកបដោយសុវត្ថិភាព យ៉ាងពិតប្រាកដ និងក្នុងកំរិតណា ?
+Smecta ថ្នាំប្រឆាំងនឹងការរាករូស ដែលមានប្រើច្រើន និងយ៉ាងទូលំទូលាយ នៅប្រទេសបារាំង ក៏ដូចជានៅប្រទេសកម្ពុជាដែរ។ ប៉ុន្តែកាលពីដើមខែមីនាកន្លងទៅថ្មីៗនេះ ភ្នាក់ងារសុខាភិបាលបារាំង បានចេញសេចក្តីណែនាំមិនឱ្យឪពុកម្តាយផ្តល់ថ្នាំ Smecta ដល់ទារកអាយុក្រោម២ឆ្នាំប្រើទេ។ ចំណែកស្រ្តីមានផ្ទៃពោះ ក៏មិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ដែរ។
+ភ្នាក់ងារសុខាភិបាលបារាំងធ្វើការសម្រេចចិត្តបែបនេះ ដោយយោងទៅលើការសិក្សាអង្កេតអន្តរជាតិមួយ ស្តីអំពីកំរិតទាបបំផុតនៃជាតិសំណរដែលអាចបង្កជាតិពុលសំណរ។ នៅក្នុងថ្នាំស្មិចតា ដែលផលិត ចេញពីដីឥដ្ឋ គេសង្កេតឃើញមានជាតិសំណរ ដ៏តិចតួចបំផុតមែន តែវាអាចប៉ះពាល់ដល់សុខភាពទារក និងកូននៅក្នុងផ្ទៃ។ នេះជាអនុសាសន៍ណែនាំ បង្ការទុកជាមុន ព្រោះការពារវាប្រសើរជាងព្យាបាល។ ហើយរហូតមកទល់នឹងពេលនេះ គេពុំដែលធ្លាប់ជួបឬឃើញមានករណីពុលជាតិសំណរដោយការប្រើថ្នាំស្មិចតា នៅឡើយទេ។
+ការពុលធាតុសំណរ
+សំណរអាចជ្រាបចូលក្នុងខ្លួនយើងតាមផ្លូវដង្ហើម និងផ្លូវរំលាយអាហារ។ ពុលសំណរជាជំងឺដែលកើតឡើងដោយស្ងៀមស្ងាត់ ដោយធ្វើឱ្យអ្នកជំងឺមានការហេវហត់ ឈឺក្បាល ភ្លេចភ្លាំងច្រើន រាករូស ក្តៀន ឈឺពោះ មិនឃ្លានអាហារ រសាប់រសល់ គេងមិនលក់។ យូរទៅអាចធ្វើឱ្យអ្នកជំងឺស្លេកស្លាំង ឡើងឈាម មានជំងឺបេះដូង និងក្រលៀន និងបាត់បង់ជីវិតតែម្តង បើជាតិសំណរមានច្រើនជ្រុលក្នុងខ្លួន។
+ចំពោះកុមារ ជាតិសំណរនឹងធ្វើឱ្យក្មេងទន់ខ្យោយ លូតលាស់មិនត្រឹមត្រូវ។ ស្ត្រីមានផ្ទៃពោះ មិនអាចរក្សាគ៌ភបានត្រឹមត្រូវ។
ការប្រើប្រាស់ថ្នាំស្មិចតា
ហាមប្រើចំពោះក្មេងក្រោយអាយុពីរឆ្នាំ។
កុមារ ចាប់ពីអាយុ២ឆ្នាំឡើង អាចប្រើថ្នាំស្មិចតាក្នុងកំរិតបួនកញ្ចប់ក្នុងមួយថ្ងៃ ក្នុងរយៈពេលបីថ្ងៃ និងពីរកញ្ចប់មួយថ្ងៃក្នុងរយៈពេលបួនថ្ងៃ។
មនុស្សធំពេញវ័យ បីទៅ៦កញ្ចប់ក្នុងមួយថ្ងៃ និងយ៉ាងយូរបំផុត៧ថ្ងៃ
សូមប្រើថ្នាំស្មិចតា នៅមុនពេលទទួលទានអាហារ និងឱ្យបានឆ្ងាយពីការទទួលទានថ្នាំផ្សេងទៀត ព្រោះស្មិចតាអាចស្រូបយកជាតិថ្នាំ និងធ្វើឱ្យការព្យាបាលជំងឺផ្សេងទៀតលែងមានប្រសិទ្ធភាព។
នៅពេលមានអាការៈរាករូស យើងបានបាត់ជាតិទឹកអស់ច្រើនណាស់ ដូច្នេះសូមពិសារថ្នាំ និងពិសារទឹកឱ្យបានច្រើន។ ចៀសវាងកុំទទួលទានបន្លែផ្លែឈើស្រស់ អាហារមានជាតិហិរ ទឹកត្រជាក់ខ្លាំង តែសូមជ្រើសរើសពិសារសាច់អាំង និងបាយ បបរ ឱ្យបានច្រើន៕
សូមពិគ្រោះជាមួយគ្រូពេទ្យរឺអ្នកជំនាញផ្នែកឱសថមុននិងទទួលទានថ្នាំ

Comments
Post a Comment